មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
បន្តចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
ចេញ​ផ្សាយ ២២ ឧសភា ២០២៥
92

សកម្មភាពថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវថៃ្ងទី២១ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖ 

១. ការចូលរួមសិក្ខាសាលា 

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចងក្រងផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៥ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដព្រៃវែង។ 

២. ការពង្រឹងការអនុវត្ដច្បាប់ 

ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំដោយលោក អូន ស៊ីណាត នាយខណ្ឌ បានដឹកនាំនាយរងខណ្ឌ នាយ នាយរងផ្នែករដ្ឋបាលជលផលកំពង់លាវ សង្កាត់រដ្ឋបាលជលផលទួលតាកែវពារាំង និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គី៧មករា ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងនិងអភិរក្សធនធានជលផល នៅក្នុងភូមិសាស្ត្រស្រុកពារាំង ស្រុកពោធិ៍រៀង និងស្រុកពាមរក៍ ខេត្តព្រៃវែង ដោយទទួលបានលទ្ធផលសរុបចំនួន ៣ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ២ករណី និងពីបទរក្សាទុកឧបករណ៍នេសាទស្បៃមុង ១ករណី។ ឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ និងកន្លែងរក្សាទុករួមមាន៖ លូស្បៃមុងចំនួន ៦២មាត់ របាំងព្រួលស្បៃមុងប្រវែង ២ ៤៣០ម៉ែត្រ បង្គោលចម្រឹងចំនួន ៨៩០ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៣២គីឡូកាម និងបានផ្ដល់សាច់របាំងព្រួលស្បៃមុងជូនគណៈកម្មការសហគមន៍នេសាទ ដើម្បីយកទៅរាំងធ្វើជារបងដាំបន្លែប្រវែង ២៥០ម៉ែត្រ។ 

៣. ការងារវារីវប្បកម្ម 

ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៧គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន៖ ត្រីទីឡាព្យា ០,៥០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ៣,៦០តោន ត្រីឆ្ពិន ១,៧០តោន ត្រីប្រា ៥៤,៨០តោន ត្រីពោ ១,២០តោន ត្រីកន្ធរ ០,៤០តោន និងត្រីក្រាញ់ ០,៣០តោន សរុបចំនួន ៦២,៧០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ០៣០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ៣១៥ ៣៨១ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter