ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង រួមដំណើរដោយ លោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ផុន មករា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាត ខេត្តព្រៃវែង
អញ្ចើញចុះជួបពិភាក្សាការងារទីផ្សារបន្លែសុវត្តិភាពនៅសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំកោះចេក ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ តាមកម្មវិធីណាត់ជួបរវាងភាគីអាជីវករអ្នកប្រមូលទិញបន្លែ ជាមួយនិងសហគមន៍ផលិតបន្លែសុវត្តិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារ គាំទ្រដោយ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ( ASPIRE-AT) ដើម្បីគាំទ្រនិងលើកកម្ពស់ក្នុងការប្រាស្រ័យទាក់ទងរវាងភាគីអ្នកផលិតបន្លែលក់និងភាគីអ្នកប្រមូលទិញបន្លែ សម្រាប់លក់ចែកចាយ ផ្គត់ផ្គង់ទីផ្សារនៅក្នុងនិងក្រៅខេត្ត ឱ្យបានកាន់តែប្រសើឡើងប្រកាប់ដោយចីរភាព។
នៅក្នុងខណៈជួបជុំគ្នារវាងភាគីអ្នកផលិតនិងភាគីអ្នកទិញនោះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសន្ទាការងារពាក់ព័ន្ធទីផ្សារកសិផលកសិកម្ម ដោយបានណែនាំ និងសំណូមពរដល់ភាគីអ្នកទិញ និងភាគីអ្នកលក់ សហការណ៍គ្នាឱ្យបានល្អ ជួយគាំទ្រផ្ដល់តម្លៃដល់ផលិតកម្មរបស់សហគមន៍ឱ្យបានកាន់តែល្អប្រសើឡើង ក្នុងន័យរក្សាស្ថេរភាពផលិតកម្ម អាជីវកម្មល្អ ព្រៀបដូចទូកនិងទឹក ជាមួយត្រីភាគី ភាគីគាំទ្រសេវាបច្ចេកទេសកសិកម្ម ភាគីអ្នកផលិត និងភាគីអ្នកទិញ និងបានកោតសសើដល់ លោក ស៊ិន សាល និងលោកស្រី ស្រូយ ស្រី អាជីវករដែលបានគាំទ្រប្រមូលទិញបន្លែសុវត្ថិភាពរបស់សហគមន៍និងកសិករប្រមាណជាង 2-3 តោន/មួយថ្ងៃៗ ដោយនាំយកទៅលក់នៅផ្សារគួរស្រូវ រាជធានីភ្នំពេញ អស់រយៈកាលជាង 3ឆ្នាំកន្លងមក។ ហើយនៅតែរក្សាការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋសហគមន៍ដាំបន្លែសុវត្តិភាព កសិករដាំបន្លែសុវត្តិភាព នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ក្នុងការប្រមូលទិញបន្លែ នាំយកទៅលក់ជារៀងរាល់ថ្ងៃតាមតម្លៃព្រមព្រៀងដោយរក្សាអាជីវកម្មបានល្អ គាំទ្រផលិតកម្មយូអង្វែង...!