ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញ ចុះពិនិត្យស្ថានភាព វឌ្ឍនភាពការងារបង្កបង្កើនផល ការងារជលផល និងសហគមន៍កសិកម្ម នៅស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង។
ចេញ​ផ្សាយ ០២ ធ្នូ ២០២៤
369

        នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញ ចុះពិនិត្យស្ថានភាព វឌ្ឍនភាពការងារបង្កបង្កើនផល ការងារជលផល និងសហគមន៍កសិកម្ម នៅស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង៖ 

១.សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ដែលបានដាំដុះបន្លែផ្លែ និងបន្លែស្លឹក តាមការបញ្ជាទិញពីអ្នកប្រមូលទិញយកទៅលក់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។

២.សហគមន៍កសិកម្មកសិករអភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ដែលបានដាំដុះបន្លែផ្លែតាមការបញ្ជាទិញពីក្រុមហ៊ុនខ្មែរសរីរាង្គ និងអ្នកប្រមូលទិញ យកទៅលក់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ សមាសភាពចូលរួម មានលោកជំទាវ សេង ទៀង អភិបាលរងនៃគណះអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណះអភិបាលខេត្តព្រៃវែង តំណាងអគ្គនាយកដ្នានកសិកម្ម តំណាងរដ្ឋបាលជលផល ប្រធានការិយាល័យជំនាញនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងរួមជាមួយអភិបាលស្រុកពាមជរ ស្រុកពាមរក៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួន១២២នាក់ ស្រី៨២នាក់។

       ជាកិច្ចចាប់ផ្តើម លោក សំ សារុន ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានរាយការណ៍សង្ខេបពីបច្ចុប្បន្នវិស័យកសិកម្មក្នុងខេត្តព្រៃវែង មានការងារសំខាន់ៗដែលជាអាទិភាពចូលរួមទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្តចំនួន៥ គឺ

- ការងារផលិតកម្មដំណាំស្រូវ។

- ការផលិតកម្មចិញ្ចឹមសត្វ។

- ការងារផលិតកម្មដំណាំបន្លែ។

- ការងារវារីវប្បកម្ម។

- ការងារបណ្តុះកូនឈើ។

         បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរសហគមន៍ដែលមានការរៀបចំនូវផែនការដាំដុះបានល្អ និងមានការទំនាក់ទំនងល្អជាមួយឈ្មួញទិញបន្លែ មានយុទ្ធសាស្រ្តក្នុងការលក់បន្លែដែលអាចធានាតម្លៃទីផ្សារបន្លែបានល្អ។ លោកជំទាវ សេង ទៀង អភិបាលរងនៃគណះអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា តាងនាមឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរដែនដីទាំងអស់ នាងខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដោយបានមកឃើញ និងស្តាប់ដោយផ្ទាល់នូវសមិទ្ធិផល និងសំណូមរបស់សហគមន៍ ហើយនឹងទទួលយកនូវសំណូមពរទាំងអស់របស់សហគមន៍ រាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីស្វែងរកប្រភពជំនួយធ្វើការគាំទ្របន្តទៀត។ ចំពោះសហគមន៍ ត្រូវខិតខំដោយខ្លួនឯងបន្តទៀត ដោយត្រូវដាំដុះទៅតាមការបញ្ជាទិញរបស់ក្រុមហ៊ុន និងអ្នកប្រមូលទិញ ហើយអនុវត្តបច្ចេកទេសតាមការណែនាំពី មន្រ្តីជំនាញ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងសំណូមពរដូចខាងក្រោម៖

១. សហគមន៍កសិកម្មត្រូវជួយខ្លួនឯងជាមុនសិន ទៅតាមសមត្ថភាព និងលទ្ធភាពរបស់សហគមន៍កសិកម្មដែលមាន។

២. សហគមន៍កសិកម្មត្រូវបង្កើតផែកផ្សព្វផ្សាយបន្លែសហគមន៍ ធ្វើការផ្សព្វផ្សាយពីបរិមាណបន្លែ និងគុណភាពបន្លែរបស់ហគមន៍ខ្លួនឯងឲ្យមានការទាក់ទាញ ដើម្បីស្វែងរុកអ្នកប្រមូលទិញ ក្រុមហ៊ុន និងអ្នកប្រើប្រាស់ផ្ទាល់ ហើយត្រូវរក្សាឲ្យបាននូវគុណភាពល្អ និងតម្លៃប្រកួតប្រជែង។

៣. ត្រូវរៀបចំផែនការដាំដុះ និងបរិមាណផលិតផលរបស់សមាជិកសហគមន៍កសិកម្ម ឲ្យត្រូវនឹងការបញ្ជាទិញរបស់ក្រុមហ៊ុន/អ្នកប្រមូលទិញ ដើម្បីឲ្យបានតម្លៃខ្ពស់ ហើយកសិផលមិនកកស្ទះ(ចុះថោក)។

៤. ត្រូវស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មបន្លែ ដើម្បីជំរុញការធ្វើផលិតកម្មតាមកិច្ចសន្យា និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៥. បានទទួលយកនូវសំណូមពររបស់សហគមន៍ និងជួយស្វែងរកដៃគូសហការណ៍ និងគម្រោងនានាដើម្បីជួយគាំទ្រដល់សហគមន៍ ហើយក្រសួងកសិកម្ម នឹងជួយជាជំនួយបច្ចេកទេសការដាំដុះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ មុននឹងបញ្ចប់ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីទាំងអស់ ត្រូវធ្វើការងារឲ្យបានជិតស្និទជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសក្តានុពល និងតម្រូវការរបស់សហគន៍ ងាយស្រួលគាំទ្រ និងស្វែងរកប្រភពជំនួយផ្សេងៗសម្រាប់គាំទ្រដល់សហគមន៍ និងបានផ្តល់ថវិកាចំនួន៥០ម៉ឺនរៀល/សហគមន៍ សរុបចំនួន១លានរៀលផងដែរ។

នៅរសៀលថ្ងៃដដែល ប្រតិភូ និងក្រុមការងារទាំងអស់ ក៏បានទៅទស្សនៈកិច្ចវឌ្ឃនភាពរបស់បណ្តុំចិញ្ចឹមត្រី នៅភូមិសុរាម្រិត ឃុំបាបោង ស្រុកពាមរក៍។
​ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ​ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរបណ្តុំដែលបានសម្រេចបាននូវសមិទ្ធិផលល្អក្នុងការចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចលើកស្ទួយជីវភាពគ្រួសារខ្លួនផ្ទាល់ក្រោមជំនួយបច្ចេកទេសពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
នាឱកាសនេះ​ ឯកឧត្តម​ ក៏បានបើកវេទិការពិភាក្សាដើម្បីស្វែងយល់ពីចំនុចល្អ​ បញ្ហាជួបប្រទះ និងចំនុចខ្វះខាត ដើម្បីធ្វើការដោះស្រាយផងដែរ។ បញ្ហាថ្លៃដើមត្រូវបានកំណត់ជាបញ្ហាចំបង ដែលជះឥទ្ធិពលដល់ផលិតកម្មត្រី។ ជាដំណោះស្រាយ ដើម្បីកាត់បន្ថយថ្លៃដើមកសិករទាំងអស់គួរធ្វើការទិញធាតុចូលរួមគ្នាដើម្បីមានកំលាំងក្នុងការចរចារជាមួយអាជីវករ។ វារីវប្បករគួរចាប់ផ្តើមធ្វើផែនការចិញ្ចឹម និងផែនការប្រមូលផលរួមគ្នាដើម្បីមានឥទ្ធិពលក្នុងការចរចារតម្លៃលក់ចេញ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រមូលទិញផងដែរ។ ដើម្បីប្រាកដថាផលិតផលវារីវប្បកម្មមិនជះឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់ វារីវប្បករ គួរអនុវត្តការធ្វើវារីវប្បកម្មល្អ ដែលបានណែនាំពីជំនាញជលផល នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter