លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រួមជាមួយមន្ត្រីជំនាញ បានផ្តល់បទសម្ភាសន៍ស្តីពី វឌ្ឍនៈភាពការងារកសិកម្ម នៅក្នុងខេត្តព្រៃវែង ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)។
ចេញ​ផ្សាយ ០៦ មិថុនា ២០២៤
173

នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រួមជាមួយមន្ត្រីជំនាញ បានផ្តល់បទសម្ភាសន៍ស្តីពី វឌ្ឍនៈភាពការងារកសិកម្ម នៅក្នុងខេត្តព្រៃវែង ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)។

លោកប្រធានមន្ទីរបានបញ្ចាក់ថា នៅខេត្តព្រៃវែង គឺជាខេត្តស្ថិតនៅតំបន់ទំនាបកណ្តាលត្រើយខាងកើតទន្លេមេគង្គ ដែលស្ថានភាពភូមិសាស្រ្តមានសក្តានុពលខ្ពស់លើផលិតកម្មដំណាំ ជាពិសេសផលិតកម្មដំណាំស្រូវ ទាំងស្រូវរដូវប្រាំងនិងរដូវវស្សា។ ខេត្តព្រៃវែងមានផ្ទៃដីសម្រាប់ផលិតកម្មដំណាំសរុបចំនួន៣៣៧.០០០ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សា២៥០.០០០ហិកតា ស្រូវប្រាំង៧៥.០០០ហិកតា និងដំណាំរួមផ្សំផ្សេងៗ១២,០០០ហិកតា។ នៅក្នុងឆ្នាំ២០២៣កន្លងមកនេះ ខេត្តព្រៃវែងផលិតបានបរិមាណផលស្រូវសរុប១.៥៩៧.១១៧តោន ហើយតុល្យភាពអធិរេកស្រូវលើសពីតម្រូវការក្នុងខេត្តមានចំនួន១.១០៧.២៤៨តោន។ ក្រៅពីដំណាំស្រូវ ខេត្តក៏មានផលិតដំណាំរួមផ្សំផ្សេងៗទៀតផងដែរមានដូចជា ពោត សណ្តែក ល្ង ឈូក និងបន្លែគ្រប់មុខជាដើម ដែលទទួលបានបរិមាណផលសរុបចំនួន១៦៦.៧២៩តោន។ ដោយឡែកចំពោះដំណាំបន្លែ មានសក្តានុពលខ្ពស់នៅក្នុងស្រុកពាមជរ ស្រុកកញ្ជៀច និងស្រុកពារក៏ ដែលក្នុង១ថ្ងៃៗផលិតបានពី១៥តោន ទៅ ២០តោន សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត ទៅរាជធានីភ្នំពេញ និងខេត្តជាប់ព្រុំដែន។ ចំពោះចំណូលដែលបានពីផលិតកម្មដំណាំក្នុងខេត្តចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារកសិករ ដោយគិតជាសាច់ប្រាក់ចំណូលដុលពីផលិតផលស្រូវមានចំនួន៤៧៩លានដុល្លារអាមេរិក និងពីដំណាំរួមផ្សំមានចំនួន៥៧លានដុល្លារអាមេរិក។

បន្ទាប់មកទៀតលោកប្រធានមន្ទីរបន្តថា ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ភាគច្រើននៅតែមានការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ប្រើប្រាស់ហូបចុកក្នុងគ្រួសារ និងមាននិន្នាការកើនឡើងការចិញ្ចឹមសម្រាប់លក់ផ្គត់ផ្គង់ទីផ្សារ ក្នុងការបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារផងដែរ។ នៅទូទាំងខេត្តមានការចិញ្ចឹមសត្វគោចំនួន៣៦៤.៧៩៩ក្បាល ក្របីចំនួន១៨.២៦៨ក្បាល ជ្រូកចំនួន២៩.០៥៤ក្បាល មាន់ចំនួន២.៨៤២.៤៧៩ក្បាល និងទាចំនួន១.០៥២.២២៣ក្បាល។ ការចិញ្ចឹមសត្វលេចធ្លោគួរឲ្យកត់សម្គាល់ គឺការចិញ្ចឹមទាយកស៊ុត ដែលផលិតស៊ុតទាបានរាប់សែនគ្រាប់ក្នុង១ថ្ងៃៗ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងនាំចតាមបណ្តារាជធានី/ខេត្តនានា ពិសេសនាំទៅខេត្តនៅភូមិភាគឥសាន្ត។ លើការងារផលិតកម្មសត្វ មន្ទីរបានផ្តោតយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំង ការពារជម្ងឺឆ្លងដល់សត្វ ដូចជាសត្វគោ ក្របី ជ្រូក និងបក្សី មានដូចជាជម្ងឺសារទឹក អុតក្តាម ប៉េស្ត សាល់ម៉ូ អូហ្សេស្គី ញូកាស់ អុតបក្សី និងអាសន្នរោគជាដើម ដែលក្នុងឆ្នាំ២០២៣កន្លងមក ការចាក់វ៉ាក់សាំងបានអនុវត្តលើសត្វគោចំនួន១៤៣.៦៩៩ក្បាល ក្របី៧.៤២៥ក្បាល ជ្រូក១០២.២៦០ក្បាល និងបក្សីចំនួន២.៨៥៦.១៥៧ក្បាល។

ជាចុងក្រោយ លោកប្រធានមន្ទីរបានសំណូមពរ ទៅដល់ប្រជាកសិករក្នុងខេត្តព្រៃវែង ឲ្យពួកគាត់ជំរុញការងារបង្កបង្កើនផលកសិកម្ម និងចិញ្ចឹមសត្វតាមបែបបច្ចេកទេសថ្មី ធននឹងការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងស្រុកនិងក្រៅស្រុកផងដែរ។ ក្នុងនោះកសិករត្រូវយកចិត្តទុកដាក់ការអនុវត្តផលិតកម្មកសិកម្មសុវត្ថិភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដើម្បីជំរុញកំណើនជីវភាពគ្រួសារ និងសុខមាលភាពរបស់អ្នកប្រើប្រាស់។ កសិករក្លាយទៅជាកសិពាណិជ្ជករ ដោយបង្កើតជាសហគមន៍ ឬ ក្រុមបណ្តុំផលិតម្ម ដោយផ្សារភ្ជាប់ផលិតផលកសិកម្មផ្សារភ្ជាប់ទៅកាន់ទីផ្សារ តាមរយៈការអនុវត្តនូវផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ការអនុវត្តផលិតកម្មដំណាំ ក៏ដូចជាសត្វ កសិករត្រូវមានការយកចិត្តទុកដាក់លើ ការផលិតដោយឆ្លើយតមទៅនឹងបម្រែបម្រួលអាកាសធាតុ ទាំងប្រភេទពូជដែលត្រូវផលិត និងការអនុវត្តបច្ចេកទេសផលិត ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយពីការប្រែប្រួលអាកាសធាតុដែលធ្វើឲ្យប៉ះពាល់ដល់ការផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter