ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានលទ្ធផលដូចខាងក្រោម ៖
១-ការងារវារីវប្បកម្ម ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ០៥ គ្រួសារ បានប្រមូលផលវារីវប្បកម្ម មានត្រីទីឡាព្យា ០,០៧តោន ត្រីអណ្ដែង ០,២៥តោន ត្រីឆ្ពិន ០,១៥តោន ត្រីប្រា ៣,៦៣តោន។ សរុបចំនួន ៤,១០តោន (តម្លៃត្រីមធ្យម៥ ៣៤៤៛/គ.ក្រ) ចំណូលសរុបចំនួន ២១ ៩១០ ៤០០ រៀល ស្មើនឹង ៥ ៣៤៤ ដុល្លារអាមេរិក។
២-ទិវាបង្ហាញស្រះពិសោធន៍ចិញ្ចឹមត្រី ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំដោយលោកងិន សុខ នាយរងខណ្ឌ បានសហការជាមួយគម្រោងដីសណ្តតំបន់អាស៊ី (AMD-WP1 World Fish-Cambodia) និងការិយាល័យកសិកម្មធន ធានធម្មជាតិ និងបរិស្ថានស្រុកស៊ីធរកណ្ដាល រៀបចំសិក្ខាសាលា ស្ដីពីទិវាបង្ហាញស្រះពិសោធន៍ចិញ្ចឹមត្រី និងស្រះធម្មជាតិតាមវាលស្រែមុនពេលប្រមូលផល នៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ដោយមានការចូលរួមពីរដ្ឋបាលឃុំអំពិលក្រៅ មេភូមិពាក់ព័ន្ធ និងកសិករសរុបចំនួណ៣៩នាក់ (ស្រី១៤នាក់) ។