មន្រ្តីជំនាញបានចូលរួមសហការជាមួយមជ្ឈមណ្ឌលឧស្ម័នផ្ទះកញ្ចក់ នៃប្រទេសណូវែលសេឡង់ ដែលសហការជាមួយសកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះសម្ភាសន៍កសិករចិញ្ចឹមជ្រូក និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក
ចេញ​ផ្សាយ ២៣ តុលា ២០២៣
251

ព័ត៌មានសង្ខេប ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣៖

១. ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា ប្រជុំផ្សេងៗ

មន្រ្តីជំនាញបានចូលរួមសហការជាមួយមជ្ឈមណ្ឌលឧស្ម័នផ្ទះកញ្ចក់ នៃប្រទេសណូវែលសេឡង់ ដែលសហការជាមួយសកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះសម្ភាសន៍កសិករចិញ្ចឹមជ្រូក និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកចំនួន ១០គ្រួសារ នៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ១២គ្រួសារ នៅភូមិគោកព្រាល ឃុំស្មោងជើង និងកសិដ្ឋានមួយកន្លែងរបស់កសិករ ដែលសហការជាមួយក្រុមហ៊ុនស៊ីភី នៅភូមិពពេល ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងគោលបំណងចង់ដឹងពីការវិវត្តន៍នៃការចិញ្ចឹមជ្រូករបស់កសិករ និងកសិដ្ឋាន ដូចជាចង់ដឹងពីការប្រើប្រាស់ចំណី ការជ្រើសរើសពូជ ការប្រើប្រាស់ថ្នាំវ៉ាក់សាំង ការចំណាយ ឬការទិញជ្រូក ការលក់ជ្រូកសាច់ជ្រូកមេ ជ្រូកកូន និងការទុកដាក់កាកសំណល់ជាដើម។ និងបានយកសំណាក់ចំណីដែលកសិករគាត់ប្រើប្រាស់ដូចជាចំណីសម្រេច បន្លែត្រកួន កំប្លោក ដើមចេក បាយស្រា បបរបាយជាមួយបន្លែ ដើម្បីយកទៅពិសោធន៍។

២. ការងារចិញ្ចឹមសត្វ មន្ត្រីការិយាល័យបានបន្តចុះពិនិត្យស្ថានភាពចិញ្ចឹមសត្វ ណែនាំពីការផ្ដល់ចំណី ការចាក់វ៉ាក់សាំង វិធានជីវសុវត្ថិភាព ផ្តល់ថ្នាំសម្លាប់មេរោគ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការប្រើឡជីវឧស្ម័ន ដល់កសិករចិញ្ចឹមសត្វ៖

- កសិករឈ្មោះ ដួង សំនាង មានចិញ្ចឹមជ្រូកមេ ៤ក្បាល និងជ្រូកកូន ១៨ក្បាល បានផ្តល់ថ្នាំសម្លាប់មេរោគចំនួន ១លីត្រ នៅភូមិខ្យោកជើង ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

- កសិករឈ្មោះ ពោ ពុំ មានជ្រូកមេ ១៧ក្បាល ជ្រូកសាច់ ២៣ក្បាល និងជ្រូកកូន ១៩ក្បាល នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

៣. ផ្នែកបសុព្យាបាល មន្ត្រីការិយាល័យបានបន្តដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ បានចុះព្យាបាលគោ ១ក្បាល រោគសញ្ញាអន់ចំណី ឡើងកំដៅ និងរាគ របស់កសិករឈ្មោះ យ៉ែម សុីថា និងបានផ្តល់ថ្មាំសម្លាប់មេរោគចំនួន ២លីត្រ ដល់ភ្នាក់ងារសុខភាពសត្វភូមិ នៅក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ និងបានសហការណជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសារទឹកបានគោ ១៦២ក្បាល នៅស្រុកពាមជរ ខេត្តព្រៃវែង។

៤. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែងទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមានពងទាចំនួន ១៨៥ ០០០គ្រាប់ ពងមាន់ចំនួន ១៨ ៣០០គ្រាប់ និងគោចំនួន ១៩១ក្បាល។

៥. ការងារសុខភាពសាធារណៈ មន្ត្រីការិយាល័យបានបន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។

ចំនួនអ្នកចូលទស្សនា
Flag Counter