ពិធីដាំដើមឈើ នឹងអបអរសាទបុណ្យ "រុក្ខទិវា ០៩ កក្កដា" នៅវត្តកំពង់សាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ចេញ​ផ្សាយ ១៤ កក្កដា ២០២៣
145

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ខរដ្ឋបាលព្រៃឈើព្រៃវែង បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុកម៉ែបងប្អូនប្រជាពលរដ្ឋស្រុកព្រះស្ដេច បានជួបជុំប្រារព្ធពិធីដាំដើមឈើ នឹងអបអរសាទបុណ្យ "រុក្ខទិវា ០៩ កក្កដា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅវត្តកំពង់សាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ក្នុងនោះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានធ្វើសេចក្តីរាយការណ៍ស្វាគមន៍ ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងអង្គពិធីទាំងមូន ដូចតទៅ៖ ខ្ញុំបាទ ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង សូមសំដែងនូវគារវៈកិច្ចគោរពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើអបអរសាទរ បុណ្យរុក្ខទិវា ០៩ កក្កដា ដែលខេត្តព្រៃវែងបានរៀបចំ ប្រារព្វធ្វើនៅវត្តកំពង់សាលា ភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច នាឱកាសនេះ។ សូមគោរពជូនពរឯកឧត្តម និងលោកជំទាវព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ នឹងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំព្រះករុណាខ្ញុំបាទសូមអនុញ្ញាតប្រគេន និងគោរពជម្រាបជូនថា៖ បុណ្យរុក្ខទិវានេះបានកើតឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ក្រោមព្រះរាជកិច្ចដឹកនំាដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះបរមរតនៈកោដ្ឋនៃយើង ដែលនៅពេលនោះមានឈ្មោះថា៖ “ ទិវាហត្ថកម្មដំាដើមឈើ ” ការងារដំាដើមឈើនេះត្រូវបានជំរុញយ៉ាងសកម្ម ដោយមានការចូលរួមយ៉ាងផុសផុល ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយជាបណ្តើរៗសកម្មភាពដ៏ទូលំទូលាយនេះ បានក្លាយជាចលនាសង្គមគំរូមួយ ដែលនៅទីបំផុតត្រូវទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា “ បុណ្យ រុក្ខទិវា ” បន្តរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងទិសដៅបន្តវេនដ៏ប្រពៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាលើកកំពស់ស្មារតីជំរុញ នឹងអនុវត្តការងារដំាដើមឈើឡើងវិញ នៅលើដីទំនេរ ដីព្រៃរិចរិល ព្រមទំាងចលនាប្រជាពលរដ្ឋ ដំាដើមឈើនៅគ្រប់ទីកន្លែងក្នុងខេត្តព្រៃវែង ក៏ជាខេត្តមួយដែលត្រូវធ្វើការដំាដុះព្រៃឈើឡើងវិញផងដែរ។ ជារៀងរាល់ឆ្នាំខេត្តព្រៃវែង តែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដីទំនេរសាធារណៈ តាមវត្តអារាម សាលារៀន និងដំាក្នុងពិធីបុណ្យ រុក្ខទិវា បានចំនួន ៣៥លើក រួចមកហើយ និងបានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ បានប្រមាណជាង ៧៥ ម៉ឺនដើម សម្រាប់ធ្វើការចែកចាយជូន ប្រជាពលរដ្ឋ ព្រះសង្ឈ និងស្ថាប័នផ្សេងៗ និងដាំក្នុងពិធីសម្ភោធសមិទ្ធិផលនានាជារៀងរាល់ឆ្នំា។ ដោយឡែកនៅឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទចំនួន ២៥ ០៤៤ដើម ក្នុងនោះមានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម។ល។ ទន្ទឹមនឹងនេះ បានចែកចាយកូនឈើទាំងនោះនៅតាមបណ្តាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ និងដាំក្នុងពិធីសម្ពោធសមិទ្ធិផលនានារបស់ថ្នាក់ដឹកនាំមានចំនួនសរុប ២ ២៨២ដើម។ ក្នុងឱកាសអបអរសាទរបុណ្យ រុក្ខទិវា ០៩ កក្កដា ឆ្នំា២០២៣នេះ ដោយមានការឯកភាព និងគាំទ្រពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីលោកអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានកំណត់យកទីតំាងបរិវេណវត្តកំពង់សាលា ស្ថិតនៅភូមិសាលា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបុណ្យដំាដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ៤០០ដើម និងមានកូនឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ២ ០០០ដើម មានបេង គគីរ ឈើទាល គ្រញូង ធ្នង់ នាងនួន និងកូនឈើហូបផ្លែរ មានខ្នុរ ស្វាយ ទាប ក្រូច ស្ដៅ។ល។ សម្រាប់ប្រគេនព្រះសង្ឃ និងចែកជូនលោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារាម សាលារៀន និងតាមលំនៅដ្ឋាន ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំផែនការដំាដើមឈើ និងចែកចាយកូនឈើតាមវត្តអារាម សាលារៀន តាមផ្លូវសាធារណៈ និងតាមបណ្តាស្រុកមួយចំនួនទៀតក្នុងខេត្តផងដែរ។ -ឯកឧត្តមគណៈអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់ -ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទំាងអស់ជាទីគោរពរាប់អាន ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមអនុញ្ញាតប្រគេន និងជម្រាបជូនថាក្នុងអាណត្តិទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនំាប្រកបដោយគតិបណ្ឌិតដ៏ត្រឹមត្រូវ និងម៉ឺងមាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តដំណើរការកែទម្រង់វិស័យព្រៃឈើ ដែលបានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ចាប់តំាងពីចុងឆ្នំា១៩៩៨ រហូតមក។ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការផ្ទាល់ ក្រោមការគំាទ្រ និងចូលរួមសហការពីសំណាក់កងយោពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នតុលាការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងដំណើរការកែទម្រង់ លើការងារគ្រប់គ្រងវិស័យព្រៃឈើទូទំាងប្រទេស លុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់។ ព្រមជាមួយនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា សារាចរណ៍ណែនាំ សំដៅការទប់ស្កាត់ការកាប់រានដីព្រៃឈើគ្រប់ប្រភេទរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ ការងារនេះយើងកំពុងអនុវត្តដូចភ្លៀងរលឹម និងការគ្រប់គ្រង ត្រួតពិនិត្យលើការប្រើប្រាស់ រណាយន្តកាត់ឈើ ជាពិសេសទប់ស្កាត់ការចរាចរឈើគ្រញូង។ ទាំងនេះជាវិធានការថ្មីបន្ថែមទៀត ក្នុងការប្រើប្រាស់អំណាចរដ្ឋដោយចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើគ្រប់ប្រភេទ ដែលត្រូវបានរំលោភបំពានទំាងអស់ មកទុកជាសម្បត្តិរដ្ឋវិញតាមការចំាបាច់ និងលុបបំបាត់នូវភាពអនាធិបតេយ្យក្នុងវិស័យព្រៃឈើ។ ជាងនេះទៀតរាជរដ្ឋាភិបាលបានសម្រេចផ្ទេរតំបន់ព្រៃការពារចំនួន ២៣ កន្លែង ដែលមានផ្ទៃដីប្រមាណជាង ៧ ម៉ឺនហិកតា ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយផ្ទេរដីសម្បទានសេដ្ឋកិច្ចទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះជាគោលនយោបាយថ្មីមួយទៀត របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងវិស័យព្រៃឈើ។ តាងនាមឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់សូមប្តេជ្ញាចិត្ត ខិតខំអនុវត្តតាមគោលនយោបាយ ស្តីពីការកែទំរង់វិស័យព្រៃឈើជាតិរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខអោយទទួលបានជោគជ័យដ៏ឧត្តុងឧត្តម ព្រមទំាងថែរក្សាការពារ និងដំាដុះព្រៃឈើឡើងវិញឲ្យបានជាអតិបរិមា។ ជាទីបញ្ចប់ខ្ញុំសូមប្រសិទ្ធិពរជ័យសេរីមង្គល វិបុលសុខគ្រប់ប្រការ ប្រគេនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទំាងអស់ សូមប្រកបដោយពុទ្ធពរទំាងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter