ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មកសិករខ្មែរ និងចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ...
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២១
375

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អមដំណើរដោយអភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរ កងកំលាំងទាំង៣ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកភិបាលនៃនគណអភិបាលស្រុកពាមជរ ក្រុមប្រឹក្សាឃុំ បានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មកសិករខ្មែរ និងចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ នៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។ នៅក្នុងដំណើបេសកកម្មនោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាល និងចែកសម្ភារដល់ក្រុមបណ្តុំអាជីវកម្មផលិតកម្មបន្លែចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានសំណាញ់ ១ដុំ និងគ្រាប់បន្លែ មានស្ពៃគ្រប់ប្រភេទ ត្រប់ សណ្តែកគួរ និងគ្រាប់ត្រកួន ដែលគាំទ្រដោយកម្មវិធី ASPIRE។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមជួយឧបត្ថម្ភរបស់ក្រុមហ៊ុនហ៊ូយន់ នូវកំបោរកសិកម្ម ចំនួន២តោន ជីកសិកម្មសរីរាង្គ១តោន និងជីទឹកសរីរាង្គចំនួន៥កេះ។ ក្នុងកម្មវិធីនោះដែរ ឯកឧត្តម ក៏បានផ្តល់ជូននូវទឹកសុទ្ធ និងសម្ភារការពារឆ្លងជម្ងឺកូវីដ១៩មានដូចជាម៉ាស អាល់កុល និងជេលលាងដៃ ហើយថែមទាំងផ្តល់ប្រាក់ដល់សហគមន៍ចំនួន១លានរៀលជូនដល់សហគមន៍ និងផ្តល់ជូនសមាជិកសហគមន៍ចូលរួមចំនួន៤០នាក់ ដោយទទួលបានប្រាក់២ម៉ឺន។

នៅក្នុងពិធីនោះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានមានមតិស្វាគមន៍ ដោយបានលើកឡើងថា នៅខេត្តព្រៃវែងមានសហគមន៍កសិកម្មចំនួន១៣៩សហគមន៍ និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មដំណាំ និងការចិញ្ចឹមសត្វសរុបចំនួន១៥២បណ្តុំ ដែលកំពុងអនុវត្តន៍ផលិតកម្មល្អសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារទាំងក្នុង និងក្រៅខេត្ត។ ដោយឡែកសហគមន៍កសិកម្មកសិករខ្មែរ ជាសហគមន៍ផ្តោតលើការផលិតបន្លែសុវត្ថិភាពគ្រប់ប្រភេទទៅតាមតម្រូវការទីផ្សារ ដោយក្នុង១ថ្ងៃៗមានសមត្ថភាពផលិត និងប្រមូលទិញពីសមាជិកនាំទៅលក់នៅទីផ្សារអ្នកលឿង ផ្សារនាគមាស ផ្សារគួរស្រូវជាដើម ក្នុងបរិមាណពី៣ទៅ៥តោនក្នុង១ថ្ងៃ។

នៅក្នុងឪកាសនោះដែរ ឯកឧត្តម ជា សុមេធី បានមានមតិកោតសរសើរ ដល់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានគាំទ្របង្កើតឲ្យមានសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មជាច្រើននៅក្នុងខេត្តព្រៃវែង ដោយបានសហការបណ្តាដៃគូរអភិវឌ្ឍន៍នានា ជួយគាំទ្រយ៉ាងសកម្ម ទាំងបច្ចេកទេស សម្ភារ ដើមទុនជាដើម ដល់សហគមន៍កសិកម្ម ដើម្បីមានលទ្ធភាពបង្កើនការផលិត និងការនាំទៅលក់នៅទីផ្សារ។ ឯកឧត្តម បានផ្តាំផ្ញើរដល់សមាជិកសហគមន៍ ឲ្យយកចិត្តទុកដាក់ដាំដុះបន្លែបន្ថែមទៀត ហើយកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាអ្នកប្រើប្រាស់។ ហើយ ឯកឧត្តម ក៏បានណែនាំដល់លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការគាំទ្រដល់សហគមន៍ផលិតបន្លែនេះ ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ ជាបន្ទាប់មកទៀត ឯកឧត្តម ជា សុមេធី និងប្រតិភូតអមដំណើរ បានចុះពិនិត្យមើលស្ថានីយ៍មូបទឹក និងប្រព័ន្ធ ស្រោចស្រពដំណាំបន្លែ ដែលបានគាំទ្រដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏បានមើលការដាំដុះដំណាំបន្លែរបស់កសិករ ជាសមាជិកសហគមន៍កសិកម្មកសិករខ្មែរ មានដូចជា ដំណាំល្ហុង ត្រសក់ ពពាយស្បែក ត្រប់ ល្ពៅ ពោតបារាំង សណ្តែកគួរជាដើម។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter