គណៈប្រតិភូក្រសួងកសិកម្មចុះពិនិត្យស្ថានភាពផលិតកម្មគ្រាប់ពូជស្រូវគាំទ្រដោយគម្រោង RSPP-JICA ក្នុងខេត្តព្រៃវែង
ចេញ​ផ្សាយ ០៣ មិថុនា ២០២០
628

#ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារទី២ ខែមិថុនាឆ្នាំ២០២០ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង និងសហការីបានជូនដំណើរគណៈប្រតិភូក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទដឹកនាំដោយ ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ចុះពិនិត្យស្ថានភាពផលិតកម្មគ្រាប់ពូជស្រូវ និងការសាងសង់លានហាល និងឃ្លាំងស្តុកគ្រាប់ពូជស្រូវរបស់សហគមន៍កសិកម្មបាភ្នំមានជ័យ ក្រោមកាគាំទ្រដោយគម្រោង RSPP-JICA ដែលមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ៣០%ហើយ។ ក្នុងពេលចុះពិនិត្យស្រែ និងឃ្លាំងស្តុកគ្រាប់ពូជស្រូនេះ ឯកឧត្តម និងសហការីបានណែនាំកសិករក្នុងសហគន៍ឱ្យយកចិត្តទុកដាក់ថែទាំស្រែ ដកពូជលាយ ធ្វើយ៉ាងណាផលិតគ្រាប់ពូជស្រូវប្រកបដោយគុណភាពខ្ពស់ ដើម្បីឱ្យការទទួលស្គាល់ និងទំនុកចិត្តពីអតិថិជន និងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែល្អប្រសើរ។ ចំពោះការសាងសង់ឃ្លាំងនេះ គណៈប្រតិភូបានណែនាំដល់អ្នកម៉ៅការសាងសង់ដោយគិតគូរខ្ពស់អំពីស្តង់ដារ និងស្នើឱ្យសហគមន៍ខិតខំថែរក្សានិងប្រើប្រាស់សមិទ្ធិផលនេះឱ្យបានល្អ ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់មន្ទីរកសិកម្មឱ្យខិតខំជំរុញការដាំដុះដំណាំស្រូវដើមរដូវវស្សា និងផ្តល់ការណែនាំបច្ចេកទេសផលិតកម្មដំណាំស្រូវ និងជំរុញដាំដុះស្រូវស្រាលមិនប្រកាន់រដូវ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធានាបាននូវសន្តិសុខស្បៀង និងការនាំចេញអង្ករ នៅពេលដែលពិភពលោកកំពុងរងនូវការរាលដាលនៃជំងឺ Covid19។ គណៈប្រតិភូក៏បានជម្រាបជូនមន្ត្រីមន្ទីរកសិកម្ម ខេត្តអំពីតម្រូវការស្បៀងនៅទីផ្សារអន្តរជាតិមានការកើនឡើង ហើយតម្លៃស្រូវ និងអង្ករក៏ស្ទុះឡើងផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter