កម្មវិធីទី០៦៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចុះទៅពិនិត្យចំការបន្លែរបស់សហគមន៍ ផលិតបន្លែសុវត្ថិភាព នៅស្រុកកញ្ជ្រៀច
ចេញ​ផ្សាយ ២៧ សីហា ២០១៩
426

+កម្មវិធីទី០៦៖ នៅរសៀលថ្ងៃទី២៤ សីហាដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ជាសុបេធី អភិបាលខេត្តព្រៃវែង បានបន្ត្តដំណើចុះទៅពិនិត្យចំការបន្លែរបស់សហគមន៍ ផលិតបន្លែសុវត្ថិភាពនៅ ភូមិពោធិ៍ទង និងភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ដែលកំពុងដាំបន្លែមានដូចជាត្រសក់ទ្រើង ខ្ទឹមស្លឹក ស្ពៃចង្កឹស សាលាដ ត្រប់។ បច្ចុប្បន្នបានរៀបចំចងក្រងជាសហគមន៍ផលិតបន្លែបាន ៥២គ្រួសារ ដោយរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ។ ជាមតិសហគមន៍ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូពីការផ្គត់ផ្គង់អគ្គិសនីបូមទឹក បញ្ចុះ តម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត។ ដោយសារបច្ចេកវិទ្យាបានជ្រាបចូលក្នុងស្រទាប់អ្នកផលិតបន្លែដូចជា ការប្រើប្រព័ន្ធដំណក់ទឹក ឬសាច ការប្រើប្រាស់ផ្លាស្ទិចគ្របរងដើម្បីរក្សាសំណើមដី និងកំចាត់ស្មៅ និងការប្រើសំណាញ់សម្រាប់បន្លែវារតោងឡើង ជំនួសឬស្សី ការប្រើពូជ មានប្រភពច្បាស់លាស់ ការប្រើជី និងថ្នាំគីមីសមស្រប់ តាមបច្ចេកទេស។ បច្ចេកទេសទាំងអស់នេះអាចជួយកាត់បន្ថយកំលាំងពលកម្ម ពេលវេលា និងបានទិន្នផលខ្ពស់ រហូតដល់គ្រួសារកសិករខ្លះឈប់ធ្វើស្រែមកដាំបន្លែវិញ។ ទាំងអស់នេះហើយ គឺជារបត់ថ្មីនៃការវិវឌ្ឍន៍វិស័យកសិកម្មពីមួយជំហាន ទៅមួយជំហាន សមស្របតាមនវានុវត្តនៃកសិកម្ម និងតម្រូវការទីផ្សារ។

    នៅក្នុងឱកាសនេះ លោកបានណែនាំឱ្យកសិករធ្វើការដាំដំណាំបន្តបណ្តាក់គ្នា ចៀសវាងការផលិតនូវផលិតផលជរជន់តាមគ្នានៅលើទីផ្សារ ដែលអ្នកបញ្ជាទិញបញ្ចុះតម្លៃទាប។ ត្រូវចេះបង្កើនគុណភាពដីតាមរយៈការសន្សំ និងការប្រើប្រាស់ជីសរីរាង្គឲ្យបានច្រើនដើម្បីធានាដល់គុណភាពបន្លែ ជាពិសេសសុខភាពអ្នកផលិតផង និងអ្នកបរិភោគផង ហើយក៏ជួយរួមចំណែកការកាត់បន្ថយថ្លៃដើមផងដែរ។ មន្ទីរកសិកម្មគួរបន្តខិតខំជួយរៀបចំឃ្លាំងលក់ និងចែកចាយមួយសម្រាប់សហគមន៍ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជនក្នុងតំបន់នេះមកទិញយកទៅបរិភោគ។

ចំនួនអ្នកចូលទស្សនា
Flag Counter