កម្មវិធីទី០៥៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ពិនិត្យដំណាំស្រូវរបស់ប្រជាកសិក និងពិនិត្យរោងចក្រកិនស្រូវ ឈុនធំ នៅស្រុកស្វាយអន្ទរ
ចេញ​ផ្សាយ ២៧ សីហា ២០១៩
398

+កម្មវិធីទី០៥៖  នៅរសៀលថ្ងៃទី២៤ ខែសីហាក្នុងស្រុកស្វាយអន្ទរដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញមកពិនិត្យដំណាំស្រូវរបស់ប្រជាកសិករនៅភូមិគក ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ដែលកសិករនៅតំបន់នោះភាគច្រើនប្រើពូជ ស្រូវផ្ការំដួល។ វាលស្រែធំល្វឹងល្វើយពោពេញទៅដោយពណ៌បៃតងខ្ចី កំពុងដណ្តើមគ្នាដុះលូតលាស់យ៉ាងស្រស់បំព្រម ធ្វើឲ្យម្ចាស់ស្រែមានអារម្មណ៍សប្បាយរីករាយ លាយឡំនឹងក្តីសង្ឃឹមថានឹងទទួលបានផលល្អនាពេលខាងមុខឆាប់ៗនេះ។ ម្ចាស់ស្រែគ្រប់ៗគ្នាបានលាន់មាត់សរសើរពីការរីកចម្រើនលើវិស័យកសិកម្ម ជាក់ស្តែងបច្ចុប្បន្ននេះ ពួកគាត់ឈប់ប្រើសត្វពាហនៈជាកំលាំងអូសទាញ មកប្រើប្រាស់គ្រឿងចក្រធ្វើកសិកម្មវិញ ហើយយកគោ ក្របីទាំងនោះទៅចិញ្ចឹមបំប៉នយកសាច់សម្រាប់លក់វិញដែលទីផ្សារត្រូវការខ្ពស់ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុកផងដែរ។

         ធ្វើដំណើពីវាលពីវេលស្រែមក ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានមកពិនិត្យរោងចក្រកិនស្រូវ ឈុនធំ ដែលស្ថិតនៅមិនឆ្ងាយពីតំបន់ផលិតស្រូវប៉ុន្មានឡើយ។ លោកឧកញ៉ា ឈុន ធំ ម្ចាស់រោងចក្រ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអោយបានជ្រាបថា រោងចក្រមានលទ្ធភាពប្រមូលទិញស្រូវចំណីបានជាង ៣ម៉ឺនតោនក្នុង ១ឆ្នាំ ពីកសិករ និង១៦ សហគមន៍ដែលបានចុះកិច្ចសន្យាផលិតទាំងស្រូវចំណីសែនក្រអូប និងស្រូវពូជ ដោយទិញក្នុងតម្លៃ ១២០០រៀល/គីឡូក្រាម។ បច្ចុប្បន្នក្រុមហ៊ុនបានទទួលគោលការណ៍នាំចេញទៅទីផ្សារចិន និងទីផ្សារអឺរ៉ុបមួយចំនួនទៀត។ នាក្នុងឱកាសនេះ លោកឧកញ៉ា ឈុន ធំ តាមរយ:ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ជាសុមេធី អភិបាលខេត្តព្រែង បានស្នើសុំឲ្យក្រសួងរ៉ែ និងថាមពលពិនិត្យពិចារណាលើតម្លៃអគ្គីសនី ព្រោះវាជាធាតុចូលយ៉ាងសំខាន់ក្នុងវិស័យកែច្នៃស្រូវអង្ករដែលអាចជួយកាត់បន្ថយថ្លៃដើមបាន។

        ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរឲ្យលោកឧកញ៉ាបង្កើនការយកចិត្តទុកដាក់ សម្រាប់ការប្រមូលទិញស្រូវស្តុកទុកនៅរដូវប្រមូលផលខាងមុខ ចៀសវាងស្រូវហូរចេញក្រៅប្រទេស ច្រើនដែលធ្វើឲ្យយើងខាតប្រយោជន៍ ជាពិសេសអាចជួយដល់កសិករក្នុងការរក្សាតម្លៃស្រូវបានល្អផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter