កម្មវិធីទី០៤៖ ឯឧត្តមរដ្ឋមន្ត្រី វេង សាខុន ពិនិត្យមើលដំណាំអំពៅនៅស្រុកស្វាយអន្ទរ
ចេញ​ផ្សាយ ២៧ សីហា ២០១៩
341

+កម្មវិធីទី០៤៖ ចេញពីស្រុកពារាំង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានធ្វើដំណើរមកស្រុកស្វាយ អន្ទរ ឃុំជាខ្លាំង ភូមិធ្នង់ ដើម្បីពិនិត្យដំណាំអំពៅ ដែលកសិករបានដាំជាលក្ខណ:គ្រួសារ។ កសិករដែលជាម្ចាស់ចំការបានឲ្យដឹងថា ដំណាំអំពៅស្ករមានសក្តានុពលនៅលើទីផ្សារល្អ ១ហិតា អាចលក់បាន ២៥ ទៅ ៣០ លានរៀល (ទៅតាមចំនួនដើមក្នុងគុម្ភ) ទូទាត់ថ្លៃដើមរួចអាចទទួលបាន ៣ទៅ៣,៥ ពាន់ដុល្លារ/ហត បើបូកចំណូលពីដំណាំស្រូវ និងបន្លែរួមផ្សំផង ក្នុង១ឆ្នាំគាត់អាចរកចំណូលបានជាង ១ម៉ឺនដុល្លារ។ ដំណាំអំពៅដាំបាន ២ដងក្នុង១ឆ្នាំ ប៉ុន្តែកសិករខ្លះក្រោយពីប្រមូលផលអំពៅរួចគាត់ដាំ ស្រូវដើម្បីកែលម្អគុណភាពដីឡើងវិញ ហើយខ្លះក៏យកដីនេះទៅដាំដំណាំផ្សេងៗដែលទីផ្សារត្រូវការដូចជាជីនាងវង ភ្លៅកង្កែប ម្អម ត្រកូនជាដើម។ល។ បន្លែទាំងអស់នេះហើយគឺជាប្រភពចំណូលប្រចាំថ្ងៃរបស់គ្រួសារកសិករនៅជនបទ ហើយប្រាកដណាស់ចំណូលទាំងអស់នេះ គឺបានជួយកែលម្អជីវភាពគ្រួសារឲ្យបានល្អប្រសើរថែមទៀត ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដងផ្លូវជាតិផ្ទះប្រក់ក្បឿងសង់ឡើងព្រោងព្រាតនៅទូទាំងស្រុកស្វាយអន្ទរ ក្នុងខេត្តពញរៃវែង។ មានមុខមាត់ថ្មី បានធ្វើឲ្យប្រជាពលរដ្ឋយើងសាទរនូវអ្វីដែលពួកគាត់កំពុងមានក្នុងដៃគឺសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានចូលរួមអបអរសាទរ នូវសមិទ្ធផលដែលប្រជាពលរដ្ឋសម្រេចបាននាពេលនេះ ព្រោះវាបានជួយឲ្យសេដ្ឋកិច្ចគ្រួសារ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយក៏បានលើកទឹកចិត្តឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឲ្យការងារបង្កបង្កើនផលទាំងដំណាំ និងចិញ្ចឹមសត្វមានការវិវឌ្ឍន៍ឈានទៅសម្រេចឲ្យបាននូវផែនការអភិវឌ្ឍវិស័យកសិកម្ម ២០១៩ដល់២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter