+កម្មវិធីទី០២ៈ ចេញដំណើពីឃុំពពិល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់កសិករ ឡាំង រ៉ា។ លោក រ៉ាបានឲ្យដឹងថាលោកចាប់យករបរចិញ្ចឹមមាន់ពងជាង៣ឆ្នាំ មកហើយ បច្ចុប្បន្នមានមេជាង ៦ពាន់ក្បាល ផ្តល់ស៊ុតជាង ៥ពាន់គ្រាប់ក្នុងមួយថ្ងៃ ស៊ុតមានតម្លៃជាង ៣៥០រៀល/គ្រាប់ ។ អនាគតគាត់មានគម្រោងពង្រីកអាជីវកម្មនេះបន្ថែម ដោយសារស៊ុតមានទីផ្សារល្អ មានបទពិសោធន៍ក្នុងការចិញ្ចឹម គ្រួសារមានចំណូល កូនៗមានលទ្ធភាពទៅសាលា និងមិនធ្វើចំណាកស្រុក។ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរ និងលើកទឹកចិត្តដល់លោក ឡាំ រ៉ា ឲ្យខិតខំបន្ថែមទៀតព្រោះផលិតកម្មមាន់ស៊ុត បានធ្វើឲ្យគ្រួសារមួយនេះប្រមូលចំំណូលរាល់ថ្ងៃ សូម្បីតែលាមកមាន់ក៏មាន ទីផ្សារល្អដែរ។ គ្រួសារមានចំណូលរឹងមាំ នោះយើងនឹងឈានទៅកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។ លោកបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្មចុះមកផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងការផ្សំចំណីដល់កសិករ ដើម្បីជាបច្ចេកទេសយ៉ាងរឹងមាំថែមទៀត ដើម្បីធ្វើការពង្រីកលើការចិញ្ចឹមឲ្យមាន ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។